ធនាគារ ណុងហឹប នៃសាធារណរដ្ឋកូរ៉េ រួមជាមួយគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ បាននាំយកជំនួយឧបត្ថម្ភប្រគល់ជូនដល់អង្គការអាហ្វេស៊ីបកម្ពុជា (AFESIP Cambodia) ដែលស្ថិតនៅក្នុងភូមិ ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ បច្ចុប្បន្ន អង្គការនេះ បានកំពុងធ្វើការជួយដល់យុវនារី និងកុមាររងគ្រោះ ឬមានហានិភ័យខ្ពស់ដែលងាយរងគ្រោះ ដោយអំពើជួញដូរផ្លូវភេទ ហិង្សា រំលោភបំពាន រំលោភសេពសន្ថវៈ ដោយបានសហការជាមួយគ្រួសាររបស់ពួកគាត់ ក្នុងការផ្តល់សុវត្ថិភាព និងការផ្តល់យុទ្ធសាស្ត្រឱ្យចាកចេញប្រកបដោយនិរន្តរភាព។
ជំនួយឧបត្ថម្ភដែល ណុងហឹប ហ្វាយនែន បានផ្តល់ជូនដល់ អង្គការ អាហ្វេស៊ីបកម្ពុជា រួមមាន អង្ករ ២ តោន មី ២០០ កេស ត្រីខ ២០០ ដុំ ស្ករ ៥០ គីឡូ អំបិល ៥០ គីឡូ ប្រេងឆា ៥០ ដប ទឹកស៊ីអ៊ីវ ៥០ យួរ ទឹកត្រី ៥០ យួរ ម៉ាស់ ១០ ០០០ ម៉ាស់ អាល់កុល ៦០០ លីត្រ កុំព្យូទ័រ ៥ គ្រឿង រួមជាមួយនឹងកញ្ចប់ថវិកា ៥ ០០០ ដុល្លារ ហើយក៏មានការផ្តល់ជូនដល់កុមាររងគ្រោះចំនួន ១៤០ នាក់ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់អង្គការដោយក្នុងម្នាក់ទទួលបានសៀវភៅ ៥ ក្បាល ប៊ិក ៥ ដើម ខ្មៅដៃ ៥ ដើម ជ័រលុប ១ បន្ទាត់ ១ ឈុត កាតាប ១ និងដបទឹកដ៏ស្រស់ស្អាតរបស់ ណុងហឹប ហ្វាយនែន ចំនួន ១ ផងដែរ។