វិស័យធនាគារ និងហិរញ្ញវត្ថុប្រទេសកម្ពុជាទាំងមូល រងផលប៉ះពាល់ប្រាក់ចំណេញធ្ងន់ធ្ងរ ដោយបានខាតបង់ប្រាក់ចំណេញសុទ្ធប្រមាណ ៤១៦ លានដុល្លារ នៅចន្លោះឆ្នាំ២០២២ ដល់ ឆ្នាំ២០២៣។ ប្រាក់ចំណេញសុទ្ធសរុបនៃវិស័យនេះ បានធ្លាក់ចុះប្រមាណ ៤៥% ដែលជាការធ្លាក់មិនធ្លាប់មាន ពោលគឺធ្លាក់ចុះពី ៩១៦ លានដុល្លារ ក្នុងឆ្នាំ២០២២ ចុះមកត្រឹមតែ ៥០០ លានដុល្លារ ក្នុងឆ្នាំ២០២៣។ ការធ្លាក់ចុះប្រាក់ចំណេញមិនធ្លាប់មាននេះ កើតឡើងបន្ទាប់ វិស័យយទាំងមូល ទទួលបានប្រាក់ចំណេញខ្ពស់កាលពីឆ្នាំ ២០២១ និង ២០២២ ដោយសារតែកត្តាអំណោយផលដូចជា អត្រាការប្រាក់គោលកម្រិតទាប កំណើនអត្រាផលបត្រឥណទាន និងភាពអនុគ្រោះផ្សេងៗផ្តល់ជូន អំឡុងពេលវិបត្តិ កូវីដ-១៩។
ណុងហឹប ជៀសមិនផុតពីផលប៉ះពាល់អវិជ្ជមាននេះដែរ ដោយបានជួបប្រទះការហក់ឡើងអត្រាឥណទានមិនដំណើរការ និងការបន្តកើនឡើងអត្រាការប្រាក់គោលសកល ទាំងនេះបានបណ្តាល់ឲ្យមានកំណើនជាអវិជ្ជមានលើផលបត្រឥណទាន ក៏ដូចជាប្រាក់ចំណេញ។
ក្រៅពីអាជីវកម្ម ណុងហឹប យកចិត្តទុកដាក់អំពីទំនួលខុសត្រូវចំពោះសង្គម ប្រកាន់ទស្សនៈ អាជីវកម្ម គួតែមានការតបស្នងដល់សង្គម។ តាមរយៈនេះ ណុងហឹប បានបរិច្ចាគសម្ភារ និងថវិកាដែលមានជាទឹកប្រាក់សរុបចំនួន ១១.៣៨៣ ដុល្លារអាមេរិក ដល់អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងការលើកកម្ពស់លើវិស័យអប់រំ និងកិច្ចការពារស្ត្រីដែលងាយរងគ្រោះ ក្នុងអំឡុងឆ្នាំ២០២៣។
កំពុងស្ថិតលើមាគ៌ាត្រឹមត្រូវ ប្រកបដោយភាពធន់ និងឈរលើទស្សនៈអនាគត
សូមរំលេចនូវវឌ្ឍនភាពការងារសម្រេចពីពាក់កណ្តាលឆ្នាំ២០២៣ រហូតដល់ពេលនេះ
យើង បានរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន ដោយបានបែងចែកដាច់ពីគ្នារវាងកាតព្វកិច្ច និងការទទួលខុសត្រូវ របស់ផ្នែកទីផ្សារ-លក់ និងផ្នែកវាយតម្លៃឥណទាន។ ការផ្លាស់ប្តូរធ្វើឡើងសំដៅពង្រឹងគុណភាពនៃការវាយតម្លៃ ត្រួតពិនិត្យ និងអនុម័តឥណទានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយចង់បណ្តុះវប្បធម៌ស្តង់ដារគុណភាពឥណទានខ្ពស់ក្នុងស្មារតីបុគ្គលិកក្នុងស្ថាប័ន ពីព្រោះវាជាគ្រឹះមិនអាចខ្វះបាន ដើម្បីធានានិរន្តរភាពអាជីវកម្មឥណទាន។
ដើម្បីធានាប្រតិបត្តិការអាជីវកម្មប្រកដោយប្រសិទ្ធភាព និងតុល្យភាព ណុងហឹប បានធ្វើទំនើបកម្មយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យឥណទាន ដោយបានជាវ និងដាក់ឲ្យដំណើការសេវាកម្មត្រួតពិនិត្យលើគុណភាពឥណទាន ពេញនិយមក្នុងស្រុកហៅថា K-Score។ សេវាកម្មនេះ អនុញ្ញាតឲ្យបុគ្គលិកសិក្សា និងវាយតម្លៃប៉ាន់ស្មានឥណទានបានយ៉ាងរហ័ស។ លើសពីនេះ យើងក៏បានបង្កើត/វិសោធកម្មគោលការណ៍ និងបញ្ជីត្រួតពិនិត្យឥណទាន/ទ្រព្យធានាថ្មីៗ សំដៅធានាឲ្យបានថា រាល់គ្រប់ចំណុចសំខាន់ៗ នៃឥណទាន និងទ្រព្យធានា ត្រូវបានសិក្សារវាយតម្លៃយ៉ាងលម្អិត និងបញ្ជាក់គ្រប់ចំណុចថាបានត្រឹមត្រូវ មុននឹងអនុម័តសម្រេចទម្លាក់ឥណទាន។
ណុងហឹប បានបង្កើតលក្ខខណ្ឌផ្តល់អត្រាការប្រាក់ និងរយៈពេលឥណទានពិសេសជូនអតិថិជន ដោយផ្អែកលើលក្ខណសម្បត្តិអតិថិជនជាគោល។ លក្ខខណ្ឌផ្តល់ជូនពិសេសៗនេះ សំដៅទាក់ទាញអតិថិជនដែលមានលក្ខណសម្បត្តិ ប្រវត្តិឥណទាន ប្រភេទអាជីវកម្ម និងទ្រព្យធានាល្អៗ និងដើម្បីបង្កើនផលបត្រឥណទានឈរលើមូលដ្ឋានគុណភាពជាគោល។ ដើម្បីសម្រេចបានយុទ្ធសាស្រ្តនេះ ណុងហឹប បានបង្កើតក្រុមឯកទេសផ្នែកលក់ មានតួនាទីទាក់ទាញ និងបង្កើនការលក់ឥណទានធំៗ។ បន្ថែមពីនេះ ក្រុមឯកទេសផ្នែកលក់ ត្រូវដើរតួនាទីជាមជ្ឈមណ្ឌលប្រឹក្សា និងផ្តល់យោបល់បច្ចេកទេសផ្នែកលក់/វាយតម្លៃឥណទានធំៗ ជូនបុគ្គលិកសាខា រាល់ពេលមានការស្នើសុំ។
ឆ្លើយតបទៅនឹងនិន្នាការវិវត្តន៍ផ្លាស់ប្តូរឥរិយាបថអតិថិជន ក៏ដូចវិស័យទាំងមូល ណុងហឹប បានបង្កើត និងដាក់ដំណើរការប្រព័ន្ធវាយតម្លៃឥណទាន LOS (Loan Origination System) នៅពាក់កណ្តាលឆ្នាំ២០២៣។ ប្រព័ន្ធ LOS អនុញ្ញាតឲ្យ ណុងហឹប ពន្លឿនការផ្តល់សេវាកម្ម និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការឥណទានជូនអតិថិជន។ បន្ថែមពីនេះ យើងបាននឹងកំពុងសិក្សារកែលម្អប្រព័ន្ធនេះបន្ថែមទៀត សំដៅធានាប្រសិទ្ធភាពនៃការផ្តល់សេវាកម្មក្នុងការវាយតម្លៃ និងអនុម័តឥណទាន។
ស្ថាប័នមួយដំណើរការបានល្អ ត្រូវការប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងពេញលេញ និងរឹងមាំ។ ក្នុងន័យនេះ ណុងហឹប បានបន្ថែមមុខងារសំខាន់ៗ ដល់នាយកដ្ឋានប្រតិបត្តិតាម នាយកដ្ឋានហានិភ័យ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅឆ្នាំ២០២៣ ជាពិសេសផ្តោតលើការត្រួតពិនិត្យគោលការណ៍បង្កើត និងវិសោធនកម្មថ្មីៗ។ តាមរយៈការបន្ថែមទំនួលខុសត្រូវ នឹងអនុញ្ញាតឲ្យគណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល ដឹងពីបញ្ហាប្រឈម និង/ឬ ចំណុចខ្វះខាតនានា កើតឡើងក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងល្អ ក៏អាចជារបាយការណ៍ និងផ្តល់អនុសាសន៍កែលម្អទៅកាន់នាយកដ្ឋានពាក់ព័ន្ធ ឲ្យធ្វើប្រតិបត្តិការអាជីវកម្មអនុលោមតាមបទបញ្ញត្តិ និងប្រកបដោយតុល្យភាពទៀតផង។
ការខិតខំពង្រឹងគោលការណ៍ប្រតិបត្តិការ ការផ្តល់ជូនអត្រាការប្រាក់ពិសេស ការប្រគួតប្រជែង ការដាក់ឲ្យដំណើរការប្រព័ន្ធ LOS ទំនើប ។ល។ ដូចបានរៀបរាប់ខាងលើ វាគ្រាន់តែមានក្នុងក្រដាសប៉ុណ្ណោះ វាមិនមានន័យថា ណុងហឹប នឹងទទួលបានជោគជ័យនោះទេ ល្គឹកណាវាមិនត្រូវបានយកមកប្រតិបត្តិអនុវត្ត និងត្រួតពិនិត្យតាមដានត្រឹមត្រូវ ដោយបុគ្គលិកជំនាញដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងមានមនសិការការងារ។ ដើម្បីពង្រឹងធនធានមនុស្ស ណុងហឹប បានបន្តវិនិយោគ និងយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល ដោយបានដាក់អោយដំណើរការនូវ ផ្លេតហ្វម គ្រប់គ្រងការបណ្តុះបណ្តាលផ្ទៃក្នុង LMS (Learning Management System) និង ផ្លេតហ្វម ទំនាក់ទំនងផ្ទៃក្នុង Morningmate។ ក្នុងចំណោមអត្ថប្រយោជន៍ជាច្រើន ផ្លេតហ្វមឆ្លាតវៃទាំង២នេះ ដើរតួនាទីសម្រួលការទំនាក់ទំនង ស្តុក និងការចែករំលែកបទបញ្ញត្តិនានា និងទំនាក់ទំនងទូទៅលើការងារទៅវិញទៅមក រវាងបុគ្គលិក ក្នុងស្ថាប័ន ប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ ណុងហឹប ក៏បានផ្តល់ឱកាសឲ្យបុគ្គលិកចូលរៀនវគ្គបណ្តុះបណ្តាលនៅខាងក្រៅផងដែរ។
ជាចុងក្រោយ យើងសូមថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល សម្រាប់ការខិតខំប្រឹងប្រែងមិនចេះនឿយហត់ ក្នុងការដឹកនាំ និងផ្តល់យុទ្ធសាស្ត្រក្នុងការដឹកនាំកុ្រមហ៊ុន និងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរ និយតករ ម្ចាស់ភាគហ៊ុនជាទីគោរព និងអតិថិជនដ៏មានតម្លៃចំពោះការគាំទ្ររហូតមក។
សូមអរគុណ!