ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក (ណុងហឹប ហ្វាយនែន ឬជាកុ្រមហ៊ុន) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ ណុងហឹប នៃសាធារណរដ្ឋកូរ៉េខាងត្បូង។ ធនាគារ ណុងហឹប គឺជាធនាគារដែលបានបង្កើតឡើងនៅឆ្នាំ១៩៦១ ដោយប្រើប្រាស់ដើមទុនក្នុងសុ្រករបស់ប្រទេសកូរ៉េ ១០០% ហើយធនាគារនេះ គឺជាធនាគារឯកទេសដែលគ្រប់គ្រងប្រាក់បញ្ញើទាំងថ្នាក់បជ្ឈិម និងថ្នាក់តំបន់របស់រដ្ឋាភិបាលប្រកបដោយសុវត្ថិភាព ដោយមានបណ្តាញ សាខាធំទូលាយជាងគេទូទាំងប្រទេស។ កេរ្តិ៍ឈ្មោះរបស់ធនាគារនេះ មិនត្រឹមតែលេចធ្លោលើសេវាកម្មផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងមានតួនាទីក្នុងការលើកតម្កើងសុខុមាលភាព សង្គម និងកសិកម្មនៅសាធារណរដ្ឋកូរ៉េទៀតផង។
ធនាគារនេះ ត្រូវបានទទួលស្គាល់ថា ជាគ្រឹះស្ថានសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុឈានមុខគេនៅលើពិភពលោក ជាមួយនឹងកំណត់ត្រាជាក់លាក់នៃប្រតិបត្តិការហិរញ្ញវត្ថុរយៈពេលកន្លះសតវត្សរបស់ខ្លួន។ ធនាគារ ណុងហឹប បានជ្រៀតខ្លួនចូលក្នុងទីផ្សារក្រៅប្រទេសតាមរយៈសាខាធនាគារនៅបរទេសដូចជា សហរដ្ឋអាមេរិក វៀតណាម និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅមីយ៉ាន់ម៉ា កម្ពុជា និងមានការិយាល័យតំណាងនៅប្រទេសចិន និងឥណ្ឌា។
ណុងហឹប ហ្វាយនែន បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ដើម្បីប្រកបអាជីវកម្ម ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីធនាគារ ណុងហឹប បានទិញភាគហ៊ុន ១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ី។ បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក កំពុងធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ និងខេត្តចំនួន ១១ខេត្ត រួមមានខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង និងកំពង់ចាម។ តំបន់ប្រតិបត្តិការទាំងអស់នេះ នឹងរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត។
ណុងហឹប ហ្វាយនែន ផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រ ក៏ដូចជាប្រជាជនដែលមានចំណូលទាប និងមធ្យមដែលរស់នៅតាមតំបន់ជនបទ និងទីក្រុង ហើយអតិថិជនភាគច្រើនគឺជាស្ត្រី។ ផលិតផលឥណទានខ្នាតតូចបំផុតមានដំណើរការល្អក្នុងចំណោមអតិថិជនដែលរស់នៅតាមទីជនបទដោយផ្តោតជាពិសេសទៅលើអតិថិជនដែលប្រកបអាជីវកម្មខ្នាតតូច ឬតូចបំផុត និងជាអតិថិជនដែលចូលរួមក្នុងសកម្មភាពកសិកម្មដូចជា ការដាំដុះដំណាំស្រូវ ការចិញ្ចឹមសត្វ និងអាជីវកម្មស្រដៀងគ្នាផ្សេងៗទៀតដែលមាននៅក្នុងសហគមន៍។ ឥណទានខ្នាតតូច និងមធ្យម មានប្រជាប្រិយភាពចំពោះប្រជាជនដែលរស់នៅក្នុងតំបន់ប្រជុំជន ហើយចំពោះឥណទាននេះផងដែរ គឺ ផ្តល់ជូនចំពោះអតិថិជនដែលមានតម្រូវការក្នុងការផ្តួចផ្តើមបង្កើតអាជីវកម្មថ្មី និង/ឬ ពង្រីកអាជីវកម្មដែលមានស្រាប់របស់ពួកគេ ដើម្បីបង្កើនប្រាក់ចំណេញ ជាមួយនឹងការរីកចម្រើនប្រកបដោយនិរន្តរភាព។
ណុងហឹប ហ្វាយនែន បានខិតខំព្យាយាមអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយប្រជាជនកម្ពុជា ជាពិសេសប្រជាជននៅតាមជនបទដើម្បីជៀសផុតពីភាពក្រីក្រ និងដើម្បីកែលម្អជីវភាពរស់នៅរបស់ពួកគេអោយមានលក្ខណៈល្អប្រសើរ។
ណុងហឹប ហ្វាយនែន មានសមត្ថភាពពេញលេញក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មរបស់ខ្លួនយ៉ាងទូលំទូលាយ ដល់រាល់អតិថិជនផ្សេងៗទូទាំងប្រទេស។ បន្ថែមលើផលិតផលឥណទាន ដែលជាផលិតផលអាជីវកម្មស្នូលរបស់ខ្លួន ណុងហឹប ហ្វាយនែន បានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសហគមន៍ជាច្រើនតាមរយៈការផ្តល់សេវាបណ្តុះបណ្តាលដល់អតិថិជនស្របតាមតម្រូវការជាក់លាក់របស់ពួកគាត់ដែលមានដូចជា ការបណ្តុះ បណ្តាលបច្ចេកទេសកសិកម្ម ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ។